កំពង់ផែពហុបំណងកំពត ជាកំពង់ផែទឹកជ្រៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។ កំពង់ផែពហុបំណងកំពតមានចម្ងាយ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានចម្ងាយ៩៤គីឡូម៉ែត្រពីក្រុងព្រះសីហនុ។ មិនតែប៉ុណ្ណោះ កំពង់ផែពហុបំណងកំពតក៏ស្ថិតនៅចន្លោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញដែលមានចន្លោះចម្ងាយពី១២គីឡូម៉ែត្រទៅ១៥គីឡូម៉ែត្រពីក្រុងកំពត។
កំពង់ផែពហុបំណងកំពត មានផ្ទៃដីរហូតដល់ទៅ ៤៣៨ហិចតា ត្រូវបានរាជរដ្ឋាភិបាលរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ហើយក៏ក្លាយជាកំពង់ផែទឹកជ្រៅដ៏ធំទំនើបមួយទៀត លំដាប់ថ្នាក់អន្តរជាតិក្នុងតំបន់តំបន់អាសុីអាគ្នេយ៍។ កំពង់ផែនេះ នឹងជួយបំពេញបន្ថែមលើកំពង់ផែធំៗរបស់កម្ពុជា ដែលមានស្រាប់គឺ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញហើយមិនតែប៉ុណ្ណោះ កំពង់ផែពហុបំណងកំពតក៏តភ្ជាប់ទៅកាន់ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏សំខាន់បំផុតក្នុងប្រទេសកម្ពុជាផងដែរ។